ឯកឧត្តម ហែម វណ្ណឌី ជំរុញការកែច្នៃ ដើម្បីបង្កើតតម្លៃបន្ថែមសម្រាប់វិស័យស្រូវអង្ករ ក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី10 ខែ កញ្ញា ឆ្នាំ 2024

ក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម  ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តោតលើសារៈសំខាន់នៃការកែច្នៃ ដើម្បីបង្កើតតម្លៃបន្ថែមសម្រាប់វិស័យស្រូវអង្កររបស់កម្ពុជា។

ក្នុង​វេទិកា​នេះ ឯកឧត្តម ហែម វណ្ណឌី រួមជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជ  រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យស្រូវអង្ករ តាមរយៈការស្រាវជ្រាវនិងនវានុវត្តន៍ កិច្ចសហការ និងការអនុវត្តប្រកបដោយនិរន្តរភាព ដើម្បីលើកបង្កើនភាពប្រកួតប្រជែងជាសកលនៃអង្ករកម្ពុជា។

នៅក្នុងសុន្ទរកថាជូនអង្គវេទិកា ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីតួនាទីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការនាំយកផលិតផលកសិកម្មមកកែប្រែ កែច្នៃ និងផលិតទៅជា​ផលិតផលកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម ដែលផ្តល់តម្លៃបន្ថែមខ្ពស់ និងបង្កើតឱកាសទីផ្សារពិសេស (Niche Market)

ឯកឧត្តមបានជំរុញឱ្យភាគីពាក់ព័ន្ធបន្តការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្នែកដឹកជញ្ជូន ភស្តុភារកម្ម បរិក្ខាស្តុកទុក និងរោងចក្រកែច្នៃ ព្រមទាំងអនុវត្តកសិកម្មមេត្រីភាពបរិស្ថាន និងចាប់យកបច្ចេកវិទ្យាកសិកម្មទំនើប ស្របតាមផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម (Agri-Tech Roadmap)។ ការអនុវត្តទាំងនេះមិនត្រឹមតែបង្កើនទិន្នផលប៉ុណ្ណោះទេ តែវាក៏រួមចំណែកដល់និរន្តរភាពនៃភពផែនដី ដែលអ្នកប្រើប្រាស់នៅទូទាំងពិភពលោកកាន់តែយកចិត្តទុកដាក់។

ឯកឧត្តមបានជម្រាបជូនថា ដើម្បីគាំទ្របន្ថែមដល់វិស័យស្រូវអង្ករ ពិសេសអ្នកនាំចេញ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលនឹងពង្រីកសមត្ថភាពធ្វើតេស្តរបស់ខ្លួន ចាប់ពីខែធ្នូនេះទៅ។


បច្ចុប្បន្ន កម្ពុជាមានរោងចក្រកិនស្រូវ និងគ្រាប់ធញ្ញជាតិខ្នាតធំចំនួន១៩មូលដ្ឋាន ជាមួយដើមទុនវិនិយោគចំនួន ៣៤២,៣០ លានដុល្លារអាមេរិក និងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យមចំនួន ១៩,៥៧០ មូលដ្ឋាននៅទូទាំងប្រទេស ជាមួយដើមទុនវិនិយោគចំនួន ១១១,៧០ លានដុល្លារអាមេរិក។  រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅជំរុញការនាំចេញអង្ករឱ្យបាន១លានតោន ចាប់ពីឆ្នាំ២០២៥ និងសម្រេចកំណើននាំចេញជាបន្តបន្ទាប់ ពី៣% ទៅ ៥% ជារៀងរាល់ឆ្នាំ។

 

 

 

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព