ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតរបស់កម្ពុជាត្រូវបានបង្ហាញនៅក្នុងវេទិកាចិន-អាស៊ានលើកទី១២ ស្តីពីការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃចន្ទ, ទី30 ខែ កញ្ញា ឆ្នាំ 2024

គណៈប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមបង្ហាញអំពីប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) របស់កម្ពុជា នៅក្នុង “វេទិកាចិន-អាស៊ានលើកទី១២ ស្តីពីការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍” ដែលបានប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។

គណៈប្រតិភូនេះត្រូវបានដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង ប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN-COSTI) និងជាអនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នៅក្នុងវេទិកានោះ ឯកឧត្តម ហ៊ុល សៀងហេង បានលើកឡើងពីតួនាទីសំខាន់នៃការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងតំបន់ និងអន្តរជាតិ ក្នុងការលើកកម្ពស់សមត្ថភាពនវានុវត្តន៍ និងជំរុញភាពប្រកួតប្រជែងជាសកលរបស់កម្ពុជា។ ឯកឧត្តមបាន​បន្ថែមថា ការធ្វើពិពិធកម្មវិស័យនាំចេញរបស់កម្ពុជា ជាពិសេសតាមរយៈឧស្សាហកម្មដែលជំរុញដោយបច្ចេកវិទ្យា និងដែលបង្កើតតម្លៃបន្ថែមខ្ពស់ មានសក្តានុពលចម្បងសម្រាប់អនាគតនៃការអភវិឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមក៏បានគូសរំលេចអំពីគំនិតផ្តួចផ្តើមថ្មីៗរបស់កម្ពុជា រួមបញ្ចូលទាំងការបង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមជ្ឈមណ្ឌលជាតិផ្ទេរបច្ចេកវិទ្យាជាដើម។ គំនិតផ្តួចផ្តើមទាំងនេះមានគោលដៅលើកកម្ពស់សមត្ថភាព និងផលិតភាពរបស់អាជីវកម្ម និងរោងចក្រសហគ្រាសនៅកម្ពុជា តាមរយៈការសម្របសម្រួលឱ្យទទួលបានបច្ចេកវិទ្យាទំនើបៗពីបរទេសប្រទេស។

គណៈប្រតិភូក៏បានចូលរួមក្នុងព្រឹត្តិការណ៍អម គឺ "វេទិកាចិន-អាស៊ានលើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិត" ផងដែរ ដែលជាវេទិកាដ៏សំខាន់មួយសម្រាប់​អាស៊ាន និងចិន ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅបង្កើតកាលានុវត្តន៍ភាពផ្នែកបច្ចេកវិទ្យា និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់រួមគ្នា។

នៅក្នុងព្រឹត្តិការណ៍នោះ គណៈប្រតិភូកម្ពុជាក៏បានធ្វើបទបង្ហាញស្តីពីប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតរបស់កម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើមនានារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញបញ្ញាសិប្បនិម្មិត ឱ្យក្លាយជាកាតាលីករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជាឧប្បករណ៍ដើម្បីដោះស្រាយបញ្ហាសំខាន់ៗក្នុងសង្គម ដូចជាសុខាភិបាល និងកសិកម្មជាដើម។ បទបង្ហាញក៏បានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រើប្រាស់បញ្ញាសប្បនិម្មិត ទាំងក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច និងការលើកកម្ពស់ជីរភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

វេទិកាចិន-អាស៊ានលើកទី១២ ស្តីពីការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍ បានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ អ្នកដឹកនាំធុរកិច្ច អ្នកវិទ្យាសាស្ត្រ និងភាគីពាក់ព័ន្ធមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន។

បន្ថែមលើការចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះ គណៈប្រតិភូក៏បានទទួលជួបពិភាក្សាទ្វេភាគីជាមួយតំណាងក្រុមហ៊ុន និងសាកលវិទ្យាល័យមួយចំនួននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ក្នុងគោលបំណងស្វែងរកកិច្ចសហការលើការផ្ទេរបចេ្ចកវិទ្យារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈប្រជាមានិតចិន និងផ្តល់ការបណ្តុះបណ្តាលលើបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសប្បនិម្មិត, បច្ចេកវិទ្យាហិរញ្ញវត្ថុ, សិល្បៈឌីជីថលជាដើម។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព